ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ ស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកែប

(ខេត្តកែប)៖ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាន នាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន នាយកដ្ឋានបុគ្គលិក និង​ លោក អ៊ុក ថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចតែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយ នាយរង និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកែប ចំនួន២៦៦នាក់ ក្នុងនោះផ្ទេរសម្រួលភារកិច្ចចំនួន៨៦នាក់។

ពីធីខាងលើក៏មាន ការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ វរៈសេនីយ៍ ជាប្រតិភូអមដំណើរ តំណាង ប្រធានសាលាដំបូងខេត្តកំពត លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត និងអធិការនគរបាលក្រុង ស្រុក អញ្ជើញចូលរួមផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកែប  បានឡើងធ្វើរបាយការណ៍ ស្វាគមន៍ អំពីសមិទ្ធផលការងារ ដែលជាស្នាដៃនៃកិច្ច ប្រតិបត្តិការរបស់កង កម្លាំងនគរបាលខេត្ត ដែលសម្រេចបានក្នុង រយ:ពេលកន្លងមកជូន អង្គពិធីផងដែរ។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាន នាយកដ្ឋានបុគ្គលិក បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ ជូននាយ នាយរង និងមន្ត្រីនគរបាលជាតិ ចំនួន១៨០នាក់ រួមមាន៖ ១/ថ្នាក់វរសេនីយ៍ចំនួន៦៧រូប (វរសេនីយ៍ឯក ចំនួន៦រូប , វរសេនីយ៍ទោ ចំនួន៣៥រូប និងវរសេនីយ៍ត្រី ចំនួន២៦រូប) ។

២/ថ្នាក់អនុសេនីយ៍  ចំនួន១១២រូប (អនុសេនីយ៍ឯក ចំនួន៥២រូប , អនុសេនីយ៍ទោចំនួន៣៤រូប និងអនុសេនីយ៍ត្រី ចំនួន២៦រូប)។ ៣/ ថ្នាក់ព្រិន្ទបាលឯក ចំនួន១រូប។

បន្ទាប់ពី លោក អ៊ុក ថា អភិបាលរងខេត្តកែប មានមតិសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើដល់ មន្ត្រីកងកម្លាំង នគរបាលខេត្ត ក្នុងអង្គពិធីរួចមក លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ប៉ែន វិបុល  អគ្គស្នងការ រងនគរបាលជាតិ និងជាប្រធាន នាយកដ្ឋានបុគ្គលិក ដែលបានផ្តាំផ្ញើរដល់ កងកម្លាំងនគរបាលទាំងអស់ ត្រូវរួមគ្នាបន្តខិត ខំបំពេញការងារតាម ជំនាញរៀងៗខ្លួន និងខ្លួនឯកឧត្តមផ្ទាល់  សូមកោតសរសើរ ដល់មន្ត្រីកងកម្លាំង នគរបាលគ្រប់ជាន់ថ្នាក់ ដែលបានខិត ខំសម្រេចបានសមិទ្ធផល ជាច្រើនក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវមាន ឥរិយាបទទន់ភ្លន់ ផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័ស ទាន់ពេលវេលា និងត្រូវបន្តការអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានគ្មានបទ ល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ព្រមទាំងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យ នៅកំរិតអប្បបរមា បន្ថែមពីនេះត្រូវគោរព ឱ្យបានម៉ឹងម៉ាត់ នូវវិន័យរបស់កង កម្លាំងនគរបាលជាតិ ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ ដែលជាជំនឿជឿ ទុកចិត្តរបស់ប្រជា ពលរដ្ឋគ្រប់ៗរូបនៅក្នុង មូលដ្ឋានខេត្តកែបផងដែរ។

បន្ថែមពីនេះ លោកបានណែនាំឱ្យមន្ត្រី កងកម្លាំងទាំងអស់យក ចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យជា ប្រចាំដើម្បីបង្ការ ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល៕  ដោយលោក សេង ណារិទ្ធ