លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះជម្រុញទីផ្សារ និងទស្សនកិច្ចស្វែង យល់កសិដ្ឋាន ចិញ្ចឹមមាន់ស្រែខ្នាតតូច (AIMS) ,រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ និងកសិដ្ឋាន ដាំចេកអំបូងលឿង នៅខេត្តកំពត

(ខេត្តកំពត)៖ កាលាពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ  អញ្ជើញអមដំណើរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះជម្រុញទីផ្សារ និងទស្សនកិច្ច ស្វែងយល់កសិដ្ឋាន ចិញ្ចឹមមាន់ស្រែខ្នាតតូច (AIMS) ,រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់  និងកសិដ្ឋាន ដាំចេកអំបូងលឿង នៅខេត្តកំពត។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី អញ្ជើញ ទស្សនកិច្ចចំនួន ៣ទីតាំង នៃកសិដ្ឋានចិញ្ចឹមមាន់ ស្ថិតភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ការចិញ្ចឹមមាន់ស្រែនេះ ជាផ្នែកមួយនៃគម្រោង ជំរុញទីផ្សារសម្រាប់ កសិកម្មខ្នាតតូច (AIMS)។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករ​ ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសការ ចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវ ការខ្ពស់នៅលើទីផ្សារ។

ក្រសួងពាណិជ្ជកម្ម ធ្វើការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗជូនប្រជាសហគមន៍ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែ ចង្វាក់ផលិតផលក្នុងស្រុក និងការតភ្ជាប់ផលិត កម្មជាមួយទីផ្សារ ដែលមានស្រាប់ ដើម្បីកាត់បន្ថយការ នាំចូលទំនិញពីបរទេស សំដៅលើកកម្ពស់ ជីវភាពប្រជាកសិករ ក៏ដូចជាធានាការអភិវឌ្ឍវិស័យ កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។

ជាមួយនេះដែរ លោកក៏បន្តទៅពិនិត្យ មើលរោងចក្រផលិត កែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ របស់ក្រុមហ៊ុន 3PLe Farm Co. Ltd ស្ថិតនៅភូមិឈើទាល ឃុំជម្ពូរវ័ន្ត ស្រុកជុំគិរី ខេត្តកំពត ផលិតមាន់បានចំនួនប្រមាណ ១,៥លានមាន់ ក្នុងមួយឆ្នាំ។

បច្ចុប្បន្នក្រុមហ៊ុនមានកសិដ្ឋាន ចិញ្ចឹមមាន់មានសមត្ថភាព ផ្ទុកមាន់បានចំនួន ៣៥០០០ក្បាល និង ដែលគ្របដណ្ដប់លើដីទំហំ ៨ហិកតា នៅភូមិព្រៃត្នោត ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរដល់ ដំណើរការចង្វាក់ផលិតកម្ម និងស្តង់ដាអនាម័យ សុវត្ថិភាពសាច់នៅ ក្នុងរោងចក្រនេះ ព្រមទាំងលើកទឹកចិត្ត ឲ្យក្រុមហ៊ុនពង្រីកការផលិត និងចែកចាយផលិត ផលរបស់ខ្លួន នៅតាមទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារបរទេស។

ក្នុងពេលដំណាលគ្នានេះ លោករដ្ឋមន្ត្រីក៏បាន ទៅពិនិត្យស្វែងយល់ កសិដ្ឋានដាំចេកអំបូង លឿងរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ស្ថិតនៅភូមិជុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ចំពោះការវិនិយោគ គឺជាការបណ្ដាក់ទុន វិនិយោគរួមគ្នា រវាងអ្នកវិនិយោគ គិនក្នុងស្រុក និងក្រៅស្រុក មក ដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមាន កម្មករជាង ៧០០ នាក់ បម្រើការងារវេចខ្ចប់ និងដាំកូនចេកបានជាង៣០០ហិកតា ដោយការដាំដុះ និងថែទាំប្រកប​ដោយ បច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ ដូចជាស្របតាមតម្រូវ ការនៃទីផ្សារនាំចេញ។

ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនានា ដែលក្រុមហ៊ុនសម្រេចបាន ក្នុងរយៈពេលដ៏ខ្លី ព្រមទាំងបានសាទរ ចំពោះភាពឆ្លាតវៃ របស់ក្រុមហ៊ុន ដែលបានចាប់យក ឱកាសធ្វើការវិនិយោគ កសិដ្ឋានចំការចេកអំបូងលឿង ចំពេលដែលទីផ្សារចេក ត្រូវបាននាំទៅប្រទេសចិន។

សមិទ្ធផលនេះ ស្តែងចេញពីការ ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុង ការលើកស្ទួយវិស័យ កសិកម្ម និងប្រែក្លាយ វិស័យកសិកម្មទៅជា កសិ-ឧស្សាហកម្ម និងវិស័យឯកជន ទៅជាកសិពាណិជ្ជករ រួមជាមួយការជម្រុញ ធ្វើទំនើបកម្មកសិកម្មផងដែរ៕  ដោយលោក សេង ណារិទ្ធ