លោក ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រៀម ជួបស្វាគមន៍គណៈ ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ចុះបំពេញបេសកម្ម ក្នុងខេត្តកំពត ដើម្បីស្វែងយល់ ពីការរីកចម្រើន របស់ខេត្ត និងយន្តការ ដោះស្រាយទំនាស់ដីធ្លី

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ទី ២៨ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ត្រៀមជួបស្វាគមន៍ គណៈប្រតិភូ គណៈកម្មការទី១ នៃរដ្ឋសភា ចុះបំពេញ បេសកម្មភាពក្នុង ខេត្តកំពត ដើម្បីស្វែងយល់ពី ការរីកចម្រើនរបស់ខេត្ត និងយន្តការដោះ ស្រាយទំនាស់ដីធ្លី។

សមាសភាពអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ នេះរួមមាន លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះ សាលាខេត្តផងដែរ។

គួរបញ្ជាក់ថា៖ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភានឹងចុះបំពេញ បេសកម្មក្នុងខេត្តកំពត ដើម្បីស្វែងយល់ពីការរីក ចម្រើនរបស់ខេត្តកំពត ដូចខាងក្រោម៖ ១.អំពីសមិទ្ធផលសំខាន់ៗរបស់ខេត្ត សម្រេចបានក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល ២.ការងារចូលរួមការពារ និងការអភិវឌ្ឍន៍របស់ខេត្ត ដើម្បីលើកស្ទួយសិទ្ធិ និងជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ៣.បណ្តឹងទំនាស់ដីធ្លី ដែលធ្វើឲ្យអាជ្ញាធរខេត្តមានការលំបាកក្នុងការដោះស្រាយ ៤.យន្តការដោះស្រាយវិវាទដីធ្លី ក្នុងការសម្របសម្រួល និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ៥.តួនាទី ភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ ដែលទើបបង្កើតថ្មី។

ជាមួយគ្នានោះផងដែរ លោក ជាវ តាយ បានឲ្យដឹងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត បានខិតខំការអភិវឌ្ឍន៍លើគ្រប់វិស័យ ធានាបានភាពរឹងមាំនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ រដ្ឋបាលខេត្តបានប្រើប្រាស់យន្តការ ៤ គឺគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត គណៈកម្មការសុរិយោដីខេត្ត និងអាជ្ញាធរ ឃុំ សង្កាត់ ស្រុក ក្រុង និងខេត្ត។

ហើយអង្គប្រជុំក៏បានប្រមូល ធាតុចូលពីមន្ទីរជំនាញ ក្រុង ស្រុក ដើម្បីចងក្រងជា របាយការណ៍លទ្ធផល សម្រាប់ត្រៀមរាយ ការណ៍ជូនគណៈ ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា៕ ដោយលោក សេង ណារិទ្ធ