សមត្ថកិច្ចខេត្តកំពត បង្ក្រាបជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ នៅតាមដងផ្លូវ

(ខេត្តកំពត)៖ ជនសង្ស័យ ប្រុស ស្រីចំនួន០៩នាក់ ដែលមានអាយុក្រោម២០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ច ខេត្តកំពត សហការជាមួយ សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់ ខណៈជនសង្ស័យ ខាងលើនាំគ្នាជិះម៉ូតូ ធ្វើសកម្មភាពធាក់ ម៉ូតូអ្នកដំណើរតាម ដងផ្លូវនៃភូមិសាស្ត្រខេត្តកំពត ដើម្បីប្លន់យកទៅលក់។

ជុំវិញករណី បង្ក្រាបខាងលើ លោកវរសេនីយ៍ទោ ឈឹម ឈៀង នាយការិយាល័យ ព្រហ្មទណ្ឌកម្រឹតធ្ងន់  នៃស្នងការដ្ឋាន នគរបាលខេត្តកំពត បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទ ល្មើសបានជោគជ័យ នេះ ដោយអនុវត្ត តាមបទបញ្ជា និងការចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរ បាលខេត្តកំពត ដែលបានចាត់ ឱ្យលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងទទួល ផែនព្រហ្មទណ្ឌ រួមទាំងរូបលោកផ្ទាល់ ដោយបានសហកា រជាមួយកម្លាំងនៃអធិការ ស្រុកដងទង់ ដើម្បីដឹកនាំកម្លាំងល្បាត និងដាក់រនាំងត្រួត ពិនិត្យនៅលើដង ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកដងទង់ ដែលជា ចំណុចធ្លាប់កើតមាន បទល្មើសកន្លងមក។

លោក ឈឹម ឈៀង បានបញ្ជាក់ទៀងថា ការល្បាត និងដាក់រនាំងត្រួត ពិនិត្យបែបនេះ ដោយសារតែ  កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ទៀបភ្លឺ ក្រុមជនសង្ស័យ ទាំងនេះបានធ្វើ សកម្មភាព ធាក់ប្លន់យកម៉ូតូ ពីអ្នកដំណើរ ១គ្រឿងម៉ាកC125  ផលិតឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៣ ក្នុងឃុំល្អាង ស្រុកដងទង់ រួចហើយពួកគេជិះម៉ូតូ ដែលធាក់ប្លន់បានយក ទៅលក់នៅឯរាជធានីភ្នំពេញ ។

ចំពោះករណីប្លន់នេះ ពួកគេជិះម៉ូតូពី៣ទៅ៤គ្រឿង ដើម្បីធ្វើសកម្មភាព។ លុះប្លន់បានសម្រេច ក្រុមជនសង្ស័យជិះម៉ូតូ ដែលប្លន់បានយកទៅ លក់នៅរាជធានី ភ្នំពេញភ្លាមៗតែម្តង។

លោកបានបញ្ជាក់បន្ថែមថា លុះដល់ទី០៩ ខែតុលា ឆ្នាំ២០២១ ក្រុមសង្ស័យខាងលើក៏បានប្លន់ម៉ូតូC125 ផលិតឆ្នាំ២០១៧ មួយគ្រឿងទៀតនៅ ចំណុចភូមិសាស្ត្រ ស្រុកដងទង់ ដដែល។ព្រោះតែ សកម្មភាពបែបនេះ កម្លាំងក៏សហការចេញល្បាត និងដាក់រនាំងត្រួត ពិនិត្យនៅពេលយប់ ក៏បង្ក្រាបក្រុម ជនសង្ស័យបានចំនួន៦នាក់ នៅវេលាទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចឃុំល្អាង ស្រុកដងទង់ ខេត្តកំពត រួចនាំមកសួរចម្លើយ ទើបឈានទៅបន្ត សហការជាមួយកម្លាំង នគរបាលនៃស្នង ការដ្ឋានរាជធានីភ្នំពេញ ហើយស្រាវជ្រាវឃាត់ ខ្លួនពួកគេបានចំនួន ៣នាក់ទៀតនៅ ល្ងាចថ្ងៃដដែល។

លោក ឈឹម ឈៀង បានឱ្យដឹងដែរថា ជនសង្ស័យទាំង៩នាក់ ខាងលើ រួមមានឈ្មោះ៖ ១-យូ ហាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,២-យីម រស្មី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល, ៣-យឿន យ៉ិន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,៤-ចាន់ បូរី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៥-សុទ្ធ ស្រីរ៉ាត់ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៦-សេង ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឈ្មោះ៦នាក់នេះ សមត្ថកិច្ចបង្ក្រាប បាននៅខេត្តកំពត)។៧-ហ៉ឹម ខេមរិន ហៅរិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកព្នៅ (ភ្្នំពេញ), ៨-ថុន ប៊ុនថន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៩-ហ៊ុន ហាន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (៣នាក់នេះឃាត់ខ្លួន នៅរាជធានីភ្នំពេញ)។

ក្រោយពីស្រង់ ចម្លើយសារភាព ជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់៕ ដោយលោក សេង ណារិទ្ធ