មេខ្យល់ម្នាក់ ពលករខ្មែរចំនួន១៩នាក់ មានកុមារ២នាក់ បំរុងឆ្លងដែនទៅប្រទេសថៃ ត្រូវបាននគរបាល ការពារព្រំដែន គោកលេខ៨១៥ ឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ កម្លាំងនគរបាលវរសេនា តូចការពារព្រំ ដែនគោកលេខ៨១៥ និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង សហការជាមួយ  កម្លាំងយោធាប្រតិបត្ដិការសឹករង ខេត្ដបន្ទាយមានជ័យ បាន ធ្វើការឃាត់ខ្លួន ពលករខ្មែរ ប្រុស ស្រី ចំនួន១៩នាក់ ក្នុងនោះមានកុមារចំនួន២នាក់ និងមេខ្យល់១នាក់ បំរុងលួចឆ្លងដែន ទៅប្រទេសថៃ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនា តូចការពារព្រំដែនគោក លេខ៨១៥ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ពលករខ្មែរទាំង១៩នាក់ ក្នុងនោះមានស្រីចំនួន៦នាក់ កុមារចំនួន២នាក់មកពី៤ខេត្ត ក្នុងនោះ ១មានខេត្តបន្ទាយមានជ័យ ចំនួន៣នាក់២ខេត្តបាត់ដំបង ចំនួន៩នាក់៣ខេត្តត្បូងឃ្មុំ ចំនួន១នាក់និង៤ ខេត្តព្រៃវែងចំនួន៦នាក់ ។

លោកវរសេនីយ៍ឯក សួង  សៅ បានបញ្ជាក់ឲ្យដឹង បន្តទៀតថាក្នុងចំណោម ពលរទាំង១៩នាក់នោះ  សមត្ថកិច្ចចម្រុះបាន រកឃើញមេខ្យល់១នាក់ បំរុងជូនពលករទាំង១៩នាក់ លួចឆ្លងដែនចូលទៅ ប្រទេថៃរក ការងារធ្វើមាន ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់បន្ថែម ទៀតថាចំពោះពលករទាំង អស់និងមេខ្យល់បន្ទាប់ ពីធ្វើការណែនាំ ស្ដីពីការឆ្លងរាលដាលរបស់ មេរោគកូវីដ-១៩ និងធ្វើកិច្ចសន្យារួច បានបញ្ជូនពួកគាត់ទៅ មណ្ឌលចត្ដាឡីស័កកម្រិត២ វិទ្យាល័យម៉ាឡៃ ដើម្បីយកសំណាក ធ្វើតេស្ដរកមេរោគ កូវិដ-១៩ មុននឹងប្រគល់ជូនផ្នែក ជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំនិងចាត់វិធាន ការតាមនិតិវិធី ចំពោះអ្នកនាំផ្លូវផងដែរ ៕