ថៃឃាត់ខ្លួនពលករខ្មែរ ៤០ នាក់ លើ ២ គោលដៅ ក្នុងថ្ងៃតែមួយ នៃស្រុកអារញ្ញប្រាថេត ដែលលបឆ្លងដែនខុសច្បាប់

(ប្រទេសថៃ)៖ ពលករខ្មែរសរុបចំនួន ៤០ នាក់ ត្រូវបានកម្លាំង ទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនបានលើ ២ គោលដៅ ក្នុងស្រុកតែមួយ និងក្នុងថ្ងៃតែមួយ ខណ:ដែលពួកគេ កំពុងលបឆ្លងដែន ទៅរកការងារធ្វើដោយ ខុសច្បាប់ នៅក្នុងប្រទេសថៃ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២ និងកម្លាំងកងរយលេខ ១៣ ដែលកំពុងធ្វើការល្បាត តាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើស ឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងរដូវកាល ការរាតត្បាតនៃជំងឺកូវីដ-១៩ ។

គោលដៅទី១ គឺកម្លាំងយោធាថៃ ក្នុងអង្គភាពកងរយលេខ១២ បានឃាត់ខ្លួនពលករខ្មែរ ចំនួន ២៨ នាក់ ក្នុងនោះប្រុស ១៧ នាក់ ស្រី ៩ នាក់ និងក្មេងតូចៗ ២ នាក់ ត្រង់ចំណុច ភូមិវឌ្ឍនា ឃុំផានសឹក ក្នុងឃុំអារញ្ញប្រាថេត ខេត្តស្រះកែវ ខណ:ដែលពួកគេ កំពុងធ្វើដំណើរចូល ទៅរកការងារធ្វើដោយខុសច្បាប់ ។

និងគោលដៅទី ២ ត្រូវបានកម្លាំងកងរយលេខ ១៣ ធ្វើការឃាត់ខ្លួនពលករខ្មែរ បន្ថែមចំនួន ១២ នាក់ទៀត ដែលក្នុងនោះ ប្រុស ៦ ស្រី ៥ និងក្មេងតូច ១ នាក់ ត្រង់ចំណុច ក្នុងភូមិ៦ ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលបានលប ឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ។

បច្ចុប្បន្នពលករខ្មែរទាំង ៤០ នាក់ ត្រូវបានកម្លាំងយោធាថៃ បញ្ជូនទៅកាន់អធិការ ដ្ឋានតម្រួតស្រុកអារញ្ញប្រាថេតហើយ ដើម្បីសាកសួរតាមនីតិវិធី ៕