ផ្លូវទូកមាស ពោធិ៍តាស៊ុយ ប្រវែង១៣គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋាន ជួសជុលនៅព្រឹកនេះ

(ខេត្តកំពត)៖ ផ្លូវទូកមាសពោធិ៍តាស៊ុយ ដែលតភ្ជាប់ពីផ្លូវ ជាតិលេខ៣១ ចាប់ពីចំណុច ផ្សារស្រុកបន្ទាយមាស ខេត្តកំពត មានប្រវែង១៣គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តកំពត។

ពិធីនេះក៏មានការ អញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាល សាលាខេត្ត លោកស្នងការ លោកមេបញ្ជាការ កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក និងមន្ត្រីរាជការចំណុះ សាលាស្រុកបន្ទាយមាស សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់ សន្តិភាពខេត្តកំពត និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ដោយមើលឃើញពី ស្ថានភាពជាក់ស្តែង នូវការលំបាករបស់ ប្រជាពលរដ្ឋ ខណៈផ្លូវមួយខ្សែនេះ (ផ្លូវពោធិ៍តាស៊ុយ) រងការខូចខាតដ៏ធ្ងន់ធ្ងរ ដែលបង្កការលំបាក ក្នុងការធ្វើដំណើរ ពិសេស កូន ក្មួយ ជាសិស្សានុសិស្ស ពិបាកធ្វើដំណើរ ទៅសាលារៀន លោកក៏បានជំរុញ ដល់មន្ទីរអភិវឌ្ឍន៍ជន បទខេត្ត ដើម្បីពន្លឿនជួស ជុលផ្លូវ១ខ្សែដែលមាន ប្រវែងសរុប១៣គីឡូម៉ែត្រ ឱ្យបានឆាប់បំផុត សម្រាប់បង្កភាពងាយ ស្រួលដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុ ងមូលដ្ឋានខាងលើ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពត ក៏សូមក្រើនរម្លឹកដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវចេះសាមគ្គីគ្នា ស្រឡាញ់គ្នា កុំទាស់ទែងគ្នា ហើយត្រូវចេះរក្សាអនាម័យ ពិសេសត្រូវចូលរួម អនុវត្តវិធានការ សុខាភិបាល និងបង្ការទប់ស្កាត់ កុំឱ្យមានការចម្លង ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ការពារ។

សូមជម្រាបថា បើយោងតាមរបាយ ការណ៍របស់ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទ ខេត្តកំពត បានឱ្យដឹងថា ផ្លូវទូកមាសពោធិ៍តាស៊ុយ មានប្រវែង១៣គីឡូម៉ែត្របែក ចេញពីផ្លូវជាតិលេខ៣១ ក្បែរចំណុចមុខសាលា ស្រុកបន្ទាយមាសឆ្ពោះ ទៅកាន់ព្រំប្រទល់ខេត្តតាកែវ។

ផ្លូវមួយខ្សែនេះមានស្ថាន ភាពខូចខាតជាយូ រឆ្នាំមកហើយ។ បន្ទាប់ពីផ្លូវរងការ ខូចខាតប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រើប្រាស់ផ្លូវ មួយខ្សែនេះមានក្តីលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំ ណើរប្រចាំថ្ងៃ។ ដោយផ្តោតលើ សំណូមពររបស់ ប្រជាពលរដ្ឋដែល សូមឱ្យមានកិច្ចអន្តរាគមន៍ ឯកឧត្តម ម៉ៅ ធនិន ក៏បានជំរុញ ដល់មន្ទីរអភិវឌ្ឍន៍ ជនបទពន្លឿនក្នុង ការបើកការដ្ឋានស្ថាបនា ឱ្យបានឆាប់រហ័សបំផុត។ បច្ចុប្បន្នផ្លូវមួយខ្សែ នេះត្រូវបានក្រសួង អភិវឌ្ឍន៍ជនបទ ចុះកិច្ចសន្យាសាសង់ ជាមួយក្រុមហ៊ុនកូរ៉េ  ILSUNG Costruction Co, LTD កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ជាផ្លូវក្រាលកៅស៊ូពីរ ជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវ ជនបទជំហានទី៣ ក្រោមហិរញ្ញប្បទាន របស់សាធារណរដ្ឋកូរ៉េ៕ ដោយលោក សេង ណារិទ្ធ