សិស្សានុសិស្ស អនុវិទ្យាល័យ ថ្នាក់ទី៩ទូទាំងខេត្ត ចូលរួមប្រឡងថ្នាក់ជាតិ មានចំនួន៩មណ្ឌល សរុប៧៨៩នាក់

(ខេត្តប៉ៃលិន)៖ រហូតមកដល់ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅតាមមណ្ឌល នីមួយៗទូ ទាំងខេត្តប៉ៃលិន គេសង្កេតឃើញ សិស្សានុសិស្សថ្នាក់ទី៩ នាំគ្នាសស្រាក់សស្រាំ ចូលរួមប្រឡងសញ្ញាបត្រ មធ្យមសិស្សាបឋមភូមិ ដើម្បីអាចនឹងបន្ត ការសិក្សានៅថ្នាក់ទី១០ នាឆ្នាំក្រោយ២០២១  ខណ:លោកគ្រូ អ្នកគ្រូ និងអនុរក្ស ប្រចាំមណ្ឌលនីមួយៗ ធ្វើការឆែកឆេរ និងពិនិត្យទៅលើបញ្ជីឈ្មោះ និងហាមប្រាម មិនឱ្យយកសំណៅ ឯកសារផ្សេងៗ ចូលក្នុងបន្ទប់ ប្រឡងនោះឡើយ។

បើតាមការរៀប រាប់ពីលោកគ្រូ ខាំ យ៉ារិន ជានាយក វិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត និង ជាប្រធានមណ្ឌល ប្រឡងនាពេលនេះ បានឱ្យដឹងថា បេក្ខជនប្រឡងទាំងអស់ មិនអនុញ្ញាតឱ្យ យកសំណៅឯកសារ ឬទូរស័ព្ទដៃ ចូលទៅក្នុងបន្ទប់ ប្រឡងនោះឡើយ ហើយការប្រឡងនេះ គឺដូចគ្នានឹងការប្រឡងពេលមុនៗដែរ តែបន្ថែមនូវការ វាស់ស្ទង់កំដៅ លាងដៃនឹងអាល់កុល រក្សាគម្លាតសុ វត្ថិភាព ។

លោកបន្តទៀតថា ការប្រឡងនេះ មានចំនួន១០មុខវិជ្ជា ដោយបេក្ខជនម្នាក់ៗ ត្រូវចូលរួមប្រឡង ចាប់ពីវេលាម៉ោង៧ និង៣០នាទីព្រឹក ហើយពេលរ សៀលចាប់ពីម៉ោង២ និង០០នាទីរសៀល តែបេក្ខជន ត្រូវមកឱ្យបាន មុនម៉ោងប្រឡង ដើម្បីត្រៀមខ្លួនឱ្យ រួចជាស្រេចក្នុងការប្រឡង។

ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ការចូលរួមប្រឡង យកសញ្ញា បត្រមធ្យមសិក្សា បឋមភូមិនៅក្នុង ខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេស កម្ពុជាដែរ មាន រយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកបន្តទៀតថា នៅទូទាំងខេត្តប៉ៃលិន សិស្សានុសិស្ស ដែលចូលរួមប្រឡង មានចំនួន៩មណ្ឌល ទី១. មណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ចំនួន២៤៤នាក់ ស្រី១៥១នាក់ ទី២. មណ្ឌលអនុវិទ្យាល័យបរយ៉ាខា ចំនួន៥៩នាក់ ស្រី៣១នាក់ ទី៣. មណ្ឌលអនុវិទ្យាល័យភ្នំយ៉ាត ចំនួន១១៨នាក់ ស្រី៥២នាក់ ទី៤. មណ្ឌលអនុវិទ្យាល័យ ប៉ាងរលឹម ចំនួន៧២នាក់ ស្រី៥៣នាក់ ទី៥. មណ្ឌលហ៊ុន សែន សាលាក្រៅ ចំនួន១០៣នាក់ ស្រី៥៦នាក់ ទី៦. មណ្ឌលអនុវិទ្យាល័យព្រំ ចំនួន៥៩នាក់ ស្រី៣២នាក់ ទី៧. មណ្ឌល អនុវិទ្យាល័យអូរដូនតា ចំនួន៥២នាក់ ស្រី២៨នាក់ ទី៨. មណ្ឌលអនុវិទ្យាល័យសន្តិភាព ចំនួន៤៨នាក់ ស្រី៣៥នាក់ ទី៩. អនុវិទ្យាល័យកុយ ចំនួន៣៤នាក់ ស្រី២១នាក់ សរុបចំនួន៧៨៩នាក់ ស្រី៤៥៨នាក់ ។

លោកក៏សូម ជូនពរឱ្យប្អូនៗ ក្មួយៗទាំងអស់ ដែលខិតខំ ប្រឹងប្រែងរៀនសូត្រ ទទួលបានជោគជ័យ គ្រប់ៗគ្នា ដើម្បីបានឡើងថ្នាក់ទី១០មួយកម្រិតទៀត ៕