ជនសង្ស័យ៧នាក់ ក្នុងនោះមានអ្នកលក់ និងអ្នក់គ្រឿងញៀន មានទាំងកាំបិតពិឃាត និងថ្នាំញៀនត្រូវ នគរបាលស្រុក មង្គលបូរីឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនជាជនសង្ស័យ មានចំនួន ៧នាក់ ក្នុងនោះមានអ្នកលក់ និងអ្នកជក់គ្រឿងញៀន មានទាំងកាំបិតពិឃាត និងថ្នាំញៀនត្រូវ នគរបាលស្រុក មង្គលបូរីឃាត់ខ្លួន នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ នេះដើម្បីចាត់ការ តាមនិតិវិធី ការឃាត់ខ្លួន យុវជនជាជនសង្ស័យ មានចំនួន ៧នាក់ មានអ្នកលក់ និងអ្នកជក់ គ្រឿងញៀននេះ ដោយអនុវត្តតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា ព្រឹក ថ្ងៃទី១៥នោះលោកបានដឹក កម្លាំងនគរបាលស្រុក មង្គលបូរី បានល្បាតស្ទាក់តាម ចាប់យុវជនជាជន សង្ស័យចំនួន៥នាក់ ក្នុងនោះមានអ្នក លក់ថ្នាំញៀន ១នាក់ឈ្មោះទុំ សុភក្រ្ត ភេទ ប្រុសអាយុ ៣៥ឆ្នាំ នៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងដកហូតបាន វត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន (ម៉ាទឹកកក) ចំនួន៤ថង់តូច, កាំបិត៧,ទូរស័ព្ទដៃ ចំនួន៣គ្រឿង ចំណែក៤នាក់ទៀត ជាអ្នកជក់។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់បានបញ្ជាក់ ឲ្យដឹងបន្តទៀតថា បន្ទាប់ធ្វើការ សួរនាំឈ្មោះទុំ សុភក្រ្តរួចមក កម្លាំងនគរបាល ស្រុកបានបន្តឃាត់ ខ្លួនអ្នកលក់ថ្នាំញៀន បានចំនួន២នាក់ទៀត បន្ថែមទៀត មាន ១/-ឈ្មោះ ទួន ចាន់ទីន ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ២/ឈ្មោះពៅ សីហា ហៅ គីរី ភេទប្រុសអាយុ ២៤ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងនោះដកហូត បានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន (ម៉ាទឹកកក) ចំនួន១២កូនថង់ ,ថ្នាំគ្រាប់ពណ៌ ក្រហម មានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន ៤៨គ្រាប់ ,កូនថង់ប្លាស្ទិក សម្រាប់ច្រក ថ្នាំញៀនមួយចំនួន ,ឧបករណ៍សម្រាប់ ច្រកថ្នាំញៀន០១, ទូរស័ព្ទដៃចំនួន ២គ្រឿង ក្នុងនោះសរុប​មានកាំបិតចម្រុះ សំរាប់ធ្វើឃាត មនុស្សមានចំនួន៨ដើម។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ក្រោយពីធ្វើកំណត់ ហេតុហើយកំលាំង នគរបាលជំនាញ គ្រឿងញៀនបានបញ្ជូន យុវជនជាជន សង្ស័យមានចំនួន ៧នាក់ទៅតុលាការ ដើម្បីដាក់ទោស ទៅតាមច្បាប់៕