ពលរដ្ឋឃុំភ្នំលៀប ប្ដឹងចោទមេឃុំ រៀបចំគម្រោងយក ដីព្រៃលិចទឹកតំបន់៣ លក់ឲ្យពួកគាត់ ដោយចេតនាទុច្ចរិត និងទាមទារយកលុយវិញ

(បន្ទាយមានជ័យ)៖ ក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលមានហត្ថលេខា និងលេខទូរស័ព្ទពលរដ្ឋចំនួន៥នាក់ បានសរសេរថា យើងខ្ញុំ ប្រជាពលរដ្ឋរងគ្រោះដោយលោកអែម ណុយ មេឃុំ, លោក សិត ឆូវ មេភូមិ ទ្រលោកលិច និងលោក នួន ឈាន មេភូមិទ្រលោកត្បូង ដែលបានយ កដីស្រែនៅតំបន់៣ មកលក់ឲ្យ ហើយនិយាយមិន ប៉ះពាល់អ្វីឡើយ។

ទិញហើយធ្វើយូរ ទៅគេឈ្វៀល អោយហើយ ម្យ៉ាងវិញកុំថា ទិញពីខ្ញុំ (អែម ណុយ) បើមានគេសួរ ឆ្លើយឲ្យថ្លៃអេស្កាដែល ឈូសឆាយព្រៃទៅបានហើយ។ លិខិតដដែលបានឲ្យដឹងថា “ពួកខ្ញុំដែលជាពលរដ្ឋ ឆោតល្ងង់ និងអត់ដីធ្វើស្រែផង ក៏នាំគ្នាទិញទៅ។ នៅពេលនេះយើង សំណូមពរសូម សម្តេចតេជោ ជួយឲ្យលោកអែម ណុយ ផ្តល់ប្រាក់ សងមកយើងខ្ញុំផង ព្រោះជំពាក់ ធនាគាទាំងអស់គ្នា។

របាយការណ៍នេះ បានបញ្ជាក់មានពលរដ្ឋ ចំនួនប្រាំ៥នាក់បាន ចេញមុខទាមទារលុយថ្លៃ ទិញដីពីមេឃុំ ភ្នំលៀប មកវិញរួមមាន៖ ១. លោក ម៉ាន ឡាត់ ភេទប្រុសនៅ ភូមិត្រយោង បានទិញដីចំនួន២០ ហិកតា អស់ប្រាក់ ៨០០០ ដុល្លារ ។ ២. ឈ្មោះ ប៉ិ សៀត ជាមេភូមិ អន្លង់សារ បានទិញដីចំនួន២០ ហិកតាអស់ប្រាក់ ១១០០០០ បាត ។ ៣. ឈ្មោះ អ៊ិត អេន ភេទប្រុស នៅភូមិទ្រយោង បានទិញដី៣០ ហិកតា អស់ប្រាក់១៥០០០ ដុល្លា ។ ៤. ឈ្មោះចក់ គង់ ភេទប្រុស នៅភូមិទ្រលោកត្បូង ទិញដីចំនួន ២០ ហិកតា អស់ប្រាក់ ៨០០០ដុល្លា ។ ៥. ឈ្មោះផាត គឿង ភេទប្រុស នៅភូមិទ្រលោកត្បូង ស្ថិតក្នុងភូមិពាម ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ។

លោក ចក់ គង់ ពលរដ្ឋនៅភូមិ ទ្រលោកត្បូង បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា លោកបានទិញដីរួម គ្នាជាមួយកូនចំនួន៣០ហិកតា ក្នុងភូមិសាស្រ្ត ភូមិពាម កំពង់ក្រសាំង ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ពីលោកអែម ណុយ មេឃុំភ្នំលៀប នៅចន្លោះឆ្នាំ២០១៨ ដោយលោកអែម ណុយ បានអះអាងថា ដីនេះជាដីកម្មសិទ្ធិ របស់គាត់ដែលគ្មាន ពាក់ព័ន្ធ ឬមានទំនាស់ជា មួយអ្នកណាទោះទេ។

លោក ចក់ គង់ បញ្ជាក់ថា ដោយសារលោក ចង់បានដីស្រែ ស្របពេលលោកអែម ណុយ ជាមេឃុំ ដែលលោកចាត់ទុក ជាអាណាព្យាបាល ប្រកាសលក់ដីស្រែ លោកក៏បានខ្ចីលុយធនាគា និងបង្វិលលុយពីញាតិមិត្តទិញដី ស្រែពីលោក អែម ណុយ ចំនួន ៧ពាន់ដុល្លារ។

ការប្រគល់លុយ ធ្វើឡើងជាពីរ ដំណាក់កាល គឺលើកទីមួយចំនួន ៤០០០ ដុល្លារ និងក្រោយមកទៀត ៣០០០ដុល្លារ ។ លោក ចក់ គង់ បន្តថា ការទិញលក់នេះ មិនមានឯកសារត្រឹម ត្រូវនោះទេ ដោយសារ លោកអែម ណុយ អះអាងធានា ថាមិនមានបញ្ហា ហើយក្រោយធ្វើ ស្រែបានមួយរយៈ លោកនឹងកាត់ ឈ្វៀលអោយហើយ។

ដោយឡែកឈ្មោះ ហាន សំអេន និងឈ្មោះ អ៊ិត អៀត ឬ(អ៊ិត អេន) ពលរដ្ឋនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គ្រួសាររបស់លោក បានទិញដីស្រែ ទំហំ៣០ហិកតា នាភូមិសាស្ត្រភូមិពាម ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ក្នុងតម្លៃ១៥០០០ដុល្លារ ពីលោកអែម ណុយ មេឃុំ ភ្នំលៀបកាល ពីចន្លោះឆ្នាំ២០១៧ ជាពេលដែល លោកអែម ណុយ ទើបឡើងធ្វើជា មេឃុំថ្មីៗ។

លោកអ៊ិត អៀត បញ្ជាក់ថា លោកទទួលទិញ គឺដោយសាលោក អែម ណុយ បានអះអាងថា ដីនេះជាដីចំណែករបស់លោក សល់ពីការកាត់ លក់ឲ្យទៅថៅកែធំៗ។ លោកអ៊ិត អៀត ប្រាប់បន្តថា លោកអែមណុយ និយាយថា ដីគាត់សល់ជាង១០០ហិតតា គឺសល់ពីរដ្ឋ ព្រោះកន្លងមករដ្ឋាភិបាល បានវាស់ដី លក់ឲ្យឈ្មួញ ធំៗនៅទីតាំងនេះ ក្រោយវាស់វែងគ្រប់ចំនួន ដីដែលនៅសល់នេះ គ្មានម្ចាស់ ម្លោះហើយទើបរដ្ឋបាន ប្រគល់ដីនេះឲ្យមកលោក ដែលជាមេឃុំ។

តាមលោក អ៊ិត អៀត ការលក់ទិញនេះ លោកបានប្រគល់ លុយឲ្យលោក អែម ណុយ ម្តង២០០០ដុល្លារ ម្តង៣០០០ដុល្លារ រហូតគ្រប់ចំនួន ១៥០០០ដុល្លារ ដែលការទិញលក់ នេះមិនមានលិខិត បញ្ជាក់នោះទេ មូលហេតុដោយសារ លោកអែម ណុយ សន្យាការពារសិទ្ធិកាន់កាប់ និងធ្វើលិខិតស្នាម នៅពេលក្រោយ។

ពលរដ្ឋដែលរង គ្រោះដោយការ ទិញដីពីលោកមេឃុំ នៅក្នុងភូមិសាស្រ្ត ដីព្រៃលិចទឹក តំបន់បី នាភូមិសាស្រ្ត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្នើសុំ ថវិការដែលបាន ចំណាយអោយ លោកមេឃុំ អែម ណុយ មកវិញ ស្របពេលដែលដី ស្រែរបស់ពួកគាត់ ត្រូវបានហាមឃាត់មិនឲ្យ ចូលទៅអាស្រ័យផល។

ចំណែកលោក អែម ណុយ មេឃុំ ភ្នំលៀប បានបញ្ជាក់ ប្រាប់អ្នកកាសែតថា លោកបានដឹង លឺរឿងធ្វើស្រែស្រូវនៅ លើទីតាំងនេះមែន តែរឿងធ្វើឯកសារ រឿងលក់ទិញដីស្រែ លោកមិនដឹងទេ ដោយឡែកទាក់ទងគ្រឿង ចក្ររបស់លោកចូលទៅ ឈូសឆាយដី គឺមានពិតមែន តាមការជួល របស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ដីព្រៃលិចទឹកបឹងទន្លេសាប ត្រូវបានរកឃើញថា មានការទន្រ្ទានយ៉ាងធ្ងន់ធ្ងរ ក្រោយលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត សភាកម្ពុជា បានចុះធ្វើការស្រាវជ្រាវ។ បន្ទាប់មកនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាយ៉ាង ម៉ឺងម៉ាត់ ឲ្យមន្ត្រីក្រោម ឱវាទចុះស្រាវជ្រាវ វែកមុខជនល្មើស និងនាំយកមកផ្តន្ទា ទោសតាមច្បាប់។

ក្រោយបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចដាក់ ចេញនូវវិធានការ ចំពោះមុខចំនួន១០ ចំណុច ឲ្យរដ្ឋបាលខេត្ត អនុវត្តការពារ ដីព្រៃលិចទឹកជាប់ បឹងទន្លេសាប។

ចំណុចទី៤ ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យរដ្ឋបាលខេត្ត បន្ទាយមានជ័យ ចេញលិខិតណែនាំដល់ អាជ្ញាធរ ស្រុក ឃុំ បញ្ឈប់រាល់ចរន្ត ការសុំកាន់កាប់ដី ផ្ទេរសិទ្ធិកាន់កាប់ដី ឬជួលដីរដ្ឋក្នុងដែន ព្រៃលិចទឹក ព្រមទាំងចេញ លិខិតបដិសេធលើ រាល់លិខិតដែលបាន ចេញរួចពីពេលមុន។

ចំណុចទី៥ បានណែនាំឲ្យ រដ្ឋបាលខេត្តបន្ទាយ មានជ័យចាត់វិធាន ការបញ្ឍប់ការចូលទន្រ្ទាន ដីក្នុងដែនព្រៃលិច ទឹកបន្តទៀត ធ្វើអត្តសញ្ញាណ អ្នកដែលបានចូលទន្រ្ទាន និងដំឡើងផែនទី ដើម្បីធ្វើការដកហូតដី នឹងចាត់វិធាន ការតាមផ្លូវច្បាប់ ទៅតុលាការ។

និងចំណុចទី ១០ បានជំរុញឲ្យ រដ្ឋបាលខេត្ត បន្ទាយមានជ័យ រកមុខសញ្ញា និងជូនដំណឹងដល់ អ្នកដែលមានធនធាន ជួលប្រជាពលរដ្ឋ ចូលកាប់រានដីក្នុង ដែនព្រៃលិចទឹក និងមន្ត្រីរាជការស៊ីវិល ក៏ដូចជា កងកម្លាំងដែលបាន ប្រព្រឹត្តល្មើសចូល ទន្ទ្រានដីព្រៃលិចទឹក ឲ្យចេញមុខសារភាព និងប្រគល់ដីជូនរដ្ឋវិញ ដើម្បីទទួលបានការ សម្រាលទោសទណ្ឌ។

ចំពោះបុគ្គល ឬអង្គភាពមានសមត្ថកិច្ច ដែលដឹងអំពីមុខសញ្ញា ប្រព្រឹត្តបទល្មើសហើយ មិនរាយការណ៍ ត្រូវ ទទួលខុសត្រូវដោយខ្លួន ឯងចំពោះមុខច្បាប់។

ក្រោយការណែនាំ ត្រូវបានដាក់ចេញ នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ រកឃើញមានការចូល រុករានទន្ទ្រាន ដីព្រៃលិចទឹកចំនួន ៧ ទីតាំង ដែលមានផ្ទៃដីសរុប ស្មើ៤.៧០០ហិកតា នេះបើតាមរបាយ ការណ៍រដ្ឋបាល ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា កាលពីពាក់កណ្តាលឆ្នាំ២០១៩ លោក អែម ណុយ មេឃុំភ្នំលៀប បានយកគ្រឿងចក្រ ទៅ ឈូសឆាយដីអភិរក្ស ដែននេសាទ តំបន់២ ចំណុចរហាលសន្ទូង ស្ថិតនៅក្នុងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ដីនោះបានចុះបញ្ជី សហគមន៍នេសាទកំបោរ តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយមានអាជ្ញាធរដែនដី មានឃុំ ស្រុក ខេត្តទទួលស្គាល់ ដែនអភិរក្សនេះ ដែលមាន លេខយាមការត្រឹមត្រូវ ។

ក្នុងផែនទីសហគមន៍ ក៍មានលោក អែម ណុយ មេឃុំភ្នំលៀប និង លោក អភិបាលស្រុក ព្រះនេត្រព្រះ  បានចុះហត្ថលេខា ទទួលស្គាល់ ផែនទីសហគមន៍ ដែលមានលេខ យាមការកំណត់ដី សហគន៍នេសាទ កំបោរនេះផងដែរ ។

ទើបតែនៅក្នុងពាក់ កណ្តាលឆ្នាំ២០១៩ លោក អែម ណុយ បានយកគ្រឿងចក្រ ឈូសឆាយដីអភិរក្ស ដែននេសាទតំបន់២ អស់ទំហំ ១២០ ហិកតា ហើយលក់ឲ្យឈ្មួញ ដែលក្នុងលិខិត ចុះវាស់វែង និងកំណត់ហេតុ និងលិខិតបញ្ជាក់ ពាក្យសុំកាន់កាប់ដីធ្លី ត្រូវបានចុះហត្ថលេខា ដោយលោក មេឃុំភ្នំលៀប អែម ណុយ និង លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះទៀតផង ។

នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋជាង ១០០នាក់ មកពីច្រើនភូមិ ដូចជា មកពីភូមិស្រែព្រៃ ឃុំសំបួរ ស្រុកមង្គលបូរី ភូមិកំបោរ ភូមិទ្រលោកលិច ទ្រលោកត្បូង ភូមិពាមកំពង់ក្រសាំង ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅមើលទីកន្លែងដី ដែលលោកមេឃុំ បានឈូសឆាយ តាំងពីឆ្នាំ២០១៩ ហើយលក់ឲ្យឈ្មួញនោះ។ នៅលើដីនោះ មានព្រៃស្បាត ទើបលាស់ឡើងវិញ ហើយមានកកាយ ក្រវ៉ាត់ព្រំដីថ្មីៗទៀតផង ៕